ឯកសារសិ្ថតិពាណិជ្ជកម្មពិភពលោកឆ្នាំ២០១៩ (World Trade Statistical Review 2019) ជាមួយគ្នានឹង Trade Profile 2019 ដែលត្រូវបានចេញផ្សាយដោយ WTO នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលនិន្នាការចុងក្រោយរបស់ពាណិជ្ជកម្មពិភពលោក ជាមួយនឹងការវិភាគស៊ីជម្រៅទាំងលើពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវារបស់ប្រទេសធំៗ។ ក្នុងនោះ ក៏មានផងដែរនូវការពិនិត្យមើលលើការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងបរិបទពាណិជ្ជកម្មពិភពលោក និងដំណើរវិវត្តន៍ថ្មីៗនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់នានា។
នៅក្នុងសេចក្តីផ្តើមនៃឯកសារ លោក Roberto Azevêdo អគ្គនាយក WTO បានលើកឡើងថា៖ “នៅក្នុងកំឡុងពេលនៃភាពមិនប្រាកដប្រជាដ៏ខ្លាំងក្លានៃពាណិជ្ជកម្មពិភពលោក ឯកសារស្ថិតិពាណិជ្ជកម្មនឹងដើរតួនាទីដ៏មានសារៈសំខាន់ជាថ្មីម្តងទៀត។ បណ្ដារដ្ឋាភិបាលដែលជាសមាជិក ត្រូវការស្ថិតិថ្មីចុងក្រោយបំផុត ដើម្បីធ្វើសេចក្តីសម្រេចចិត្ត និងកំណត់នូវទិសដៅគោលនយោបាយពាណិជ្ជកម្មដែលត្រឹមត្រូវ សម្រាប់ជាផលប្រយោជន៍របស់ប្រជាជនខ្លួន។ ឯកសារសិ្ថតិពាណិជ្ជកម្មដែលបានប្រមូលដោយ WTO នឹងដើរតួយ៉ាងធំសម្បើមក្នុងការបំពេញនូវតម្រូវការនេះ។”
នៅត្រង់ផ្នែកនៃការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្ម បានគ្របដណ្តប់លើបញ្ហាមួយចំនួនដូចជា៖ វិធានការរឹតត្បិត និងវិធានការសម្រួលពាណិជ្ជកម្មដែលបានអនុវត្តដោយសមាជិក WTO កន្លងមក, ការអនុវត្តនូវកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់ WTO, និន្នាការអនុវត្តពន្ធគយ, ការប្រើប្រាស់ជំនួយសម្រាប់គំនិតផ្តួចផ្តើមពាណិជ្ជកម្ម, និងការអភិវឌ្ឍចុងក្រោយនៃពាណិជ្ជកម្មហិរញ្ញវត្ថុ។
នៅក្នុងជំពូកវិភាគរបស់ឯកសារ បានបង្ហាញពីតារាងទិន្នន័យទាំង៦០ ដែលបានផ្តល់ព័ត៌មានលម្អិតអំពីពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា។ ស្ថិតិពាណិជ្ជកម្មទំនិញត្រូវបានប្រមូលដោយមានកិច្ចសហការជាមួយនឹង UNCTAD ដោយឡែកសិ្ថតិពាណិជ្ជកម្មសេវាត្រូវបានប្រមូលដោយមានកិច្ចសហការជាមួយនឹង UNCTAD និង ICT។
ដោយឡែកសម្រាប់ Trade Profile 2019 គឺជាឯកសារដែលបង្ហាញពីបណ្តុំសូរចនាករគន្លឹះទាំងក្នុងពាណិជ្ជកម្មសេវា និងពាណិជ្ជកម្មទំនិញនៃបណ្តាប្រទេសទាំង១៩៣ ដោយរួមបញ្ចូលទាំងស្ថិតិនាំចេញនាំចូលរបស់ប្រទេសនីមួយៗជាមួយនឹងដៃគូពាណិជ្ជកម្មធំៗផងដែរ។
Recent Comments